Tuesday, November 22, 2011

កសិកម្ម

លក្ខណៈ ​រូបសាស្ដ្រ​នៃ​ដំណាំ​ស្រូវ​

លក្ខណៈ​រូបសាស្ដ្រ​នៃ​ដំណាំ​ស្រូវ​ ​គឺជា​មូលដ្ឋាន​ដើម​ក្នុង​ការ​ស្វែង​យល់​ពី​ដំណាំ​ស្រូវ ។​ ​ការ​យល់​ដឹង​ពី​លក្ខណៈ​រូបសាស្ដ្រ​របស់​ដំណាំ​ស្រូវ​មាន​សារៈសំខាន់​ណាស់​ ​ក្នុង​ការងារ​ជ្រើសរើស​ពូជ​ ​ការ​បង្កាត់​ពូជ​ ​និង​ការងារ​គ្រប់គ្រង​ដំណាំ​ស្រូវ​ ​ដើម្បី​បង្កើន​ទិន្នផល ។ ជា​ទូទៅ​ ​ដើម​ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ ​ឫស​ ​ដើម​ ​ស្លឹក​ ​កួរ​ ​និង​គ្រាប់​ ​(រូបភាព​១) ។ ដោយ​ផ្អែក​ទៅ​លើ​ដំណើរការ​លូតលាស់​របស់​ដំណាំ​ស្រូវ​ ​លក្ខណៈ​រូបសាស្ដ្រ​របស់​ដំណាំ​ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​គឺ​ ​លក្ខណៈ​រូបសាស្ដ្រ​នៃ​សរីរាង្គ​លូតលាស់​ ​និង​លក្ខណៈ​រូបសាស្ដ្រ​នៃ​សរីរាង្គ​បន្ដ​ពូជ ។
 រូប​១ លក្ខណៈ​រូបសាស្ត្រ​របស់​ដើម​ស្រូវ
រូប​១ លក្ខណៈ​រូបសាស្ត្រ​របស់​ដើម​ស្រូវ

១- លក្ខណៈ​រូបសាស្ដ្រ​នៃ​សរីរាង្គ​លូតលាស់​

សរីរាង្គ​លូតលាស់​របស់​ដំណាំ​ស្រូវ​រួម​មាន​ ​គ្រាប់ស្រូវ​ ​(Rice​ ​grain) ឫស​ស្រូវ​ ​(Roots) ដើម​ស្រូវ​ ​(Culm) និង​ស្លឹក​ស្រូវ​ ​(Leaf) (រូបភាព​២) ។
រូប​២ សរីរាង្គ​លូតលាស់​របស់​ដំណាំ​ស្រូវ
រូប​២ សរីរាង្គ​លូតលាស់​របស់​ដំណាំ​ស្រូវ

១.១- គ្រាប់ស្រូវ​ ​(Rice​ ​grain)

គ្រាប់ស្រូវ​មួយ​ ​ផ្សំ​ឡើង​ដោយ​សំបក​គ្រាប់​ ​(Rice​ ​hull) គ្រាប់​អង្ករសម្រូប​ ​(Brown​ ​rice) អ័ក្សទ្រគ្រាប់​ ​(Rachilla) សំបក​និប្ជល​ ​(Sterile​ ​lemmas) កំពក​ចុង​ស្មែង​ ​(Rudimentary​ ​glumes) និង​ទង​គ្រាប់​(Pedicel) (Matsuo​ ​and​ ​Hoshikow, 1993) (រូបភាព​៣) ។ គ្រាប់​អង្ករសម្រូប​ត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​សំបក​គ្រាប់​ ​ដែល​ផ្នែក​ទាំង​ពីរ​នេះ​ភ្ជាប់​ជាមួយ​ទង​គ្រាប់​ដោយ​អ័ក្សទ្រគ្រាប់​នា​ កំពក​នៃ​ចុង​ស្មែង ។​ ​នៅ​ពីក្រោម​អ័ក្សទ្រគ្រាប់​ ​គឺ​សំបក​និប្ជល ។
រូប​៣ លក្ខណៈ​រូបសាស្ត្រ​របស់​គ្រាប់​ស្រូវ
រូប​៣ លក្ខណៈ​រូបសាស្ត្រ​របស់​គ្រាប់​ស្រូវ

១.១.១- សំបក​គ្រាប់​ ​(Rice​ ​hull)

សំបក​នេះ​ ​មាន​សភាព​រឹង​ដែល​ស្រោប​គ្រាប់​អង្ករសម្រូប​ពី​ខាងក្រៅ ។​ ​កាលណា​គេ​យក​សំបក​នេះ​ចេញពី​គ្រាប់​អង្ករ​ ​ត្រូវ​បាន​គេ​ហៅ​ថា​ ​“អង្កាម” ។ សំបក​គ្រាប់​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ​ ​សំបក​ធំ​ ​ឬ​សំបក​ពោះ​ ​(Lemma) និង​សំបក​តូច​ ​ឬ​សំបក​ខ្នង​ ​(Palea) (រូបភាព​៣) ។ នៅ​លើ​សំបក​គ្រាប់​មាន​រោម​ជា​ច្រើន​ ​ហើយ​ពូជស្រូវ​ខ្លះ​ ​នៅ​ផ្នែក​ខាង​ចុង​នៃ​សំបក​ធំ​មាន​កន្ទុយ ។​ ​សំបក​ធំ​ ​(Lemma) និង​សំបក​តូច​ ​(Palea) មានមុខ​ងារ​សំខាន់​ណាស់​សម្រាប់​ការពារ​នូវ​ជាលិកា​របស់​គ្រាប់​អង្ករ​ ​កំណត់​ទម្រង់​ទំហំ​នៃ​គ្រាប់​ ​ព្រមទាំង​រយៈពេល​ដុះ​ពន្លក​ឫស​នៃ​គ្រាប់ ។​ ​កាលណា​សំបក​គ្រាប់​មាន​កម្រាស់​ស្ដើង​ ​នោះ​ការ​ដុះ​ពន្លក​គ្រាប់​បាន​ឆាប់​ ​តែ​ផ្ទុយ​មក​វិញ​ប្រសិនបើ​សំបក​គ្រាប់​មាន​កម្រាស់​ក្រាស់​ ​នោះ​រយៈពេល​នៃ​ការ​ដុះ​ពន្លក​គ្រាប់​យូរ​ ​(CIAP, 1996) ។

១.១.២- អ័ក្សទ្រគ្រាប់​ ​(Rachilla) និង​សំបក​និប្ជល​ ​(Sterile​ ​lemmas)

អ័ក្សទ្រគ្រាប់​ ​គឺជា​ផ្នែក​មួយ​នៃ​គ្រាប់ស្រូវ​ ​ដែល​ជា​ចំនុចប្រសព្វ​រវាង​សំបក​ធំ​ ​(Lema) និង​សំបក​តូច​ ​(Palea) ហើយ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាន់​ទ្រ​ផ្កា​ ​និង​គ្រាប់​នីមួយៗ​របស់​ដំណាំ​ស្រូវ ។​ ​លើស​ពី​នេះ​ទៅ​ទៀត​ អ័ក្សទ្រគ្រាប់​មាន​តួនាទី​ក្នុង​កា​រត​ភ្ជាប់​រវាង​សំបក​និប្ជល​ ​(Sterile​ ​lemmas) និង​តួ​គ្រាប់ស្រូវ ។ សំបក​និប្ជល​ ​គឺជា​សំបក​គ្រាប់ស្រូវ​ដែល​គ្មាន​ការ​លូតលាស់​ ​ដែល​ស្ថិត​នៅ​ពី​ខាងក្រោម​នៃ​សំបក​ធំ​ ​(Lema) និង​សំបក​តូច​ ​(Palea) ។ សំបក​និប្ជល​ចែក​ចេញ​ជា​២​ ​គឺ​សំបក​និប្ជល​លើ​ ​(Upper​ ​glumme) និង​សំបក​និប្ជល​ក្រោម​ ​(Lower​ ​glumme) (រូបភាព​៣) ។

១.១.៣- កំពក​ចុង​ស្មែង​ ​(Rudimentary​ ​glumes) និង​ទង​គ្រាប់​ ​ឬ​ទង​ផ្កា​ ​(Pedicel)

កំពក​ចុង​ស្មែង​ ​គឺជា​ផ្នែក​ខាង​ចុង​គេ​បំផុត​នៃ​ស្មែង​ ​ដែល​មាន​រាង​កំប៉ោង​ដូច​ពែង ។ វា​ស្ថិត​នៅ​ពីក្រោម​សំបក​និប្ជល​ ​(Sterile​ ​lemmas) ។ កំពក​នេះ​ ​មាន​តួនាទី​យ៉ាង​សំខាន់​ ​ក្នុង​ការ​រក្សា​នូវ​លំនឹង​របស់​គ្រាប់ស្រូវ ។ ទង​គ្រាប់​ ​ឬ​ទង​ផ្កា​ ​គឺជា​ផ្នែក​នៅ​ខាងក្រោម​គេ​បំផុត​នៃ​គ្រាប់ស្រូវ ។​ ​ផ្នែក​នេះ​មាន​តួនាទី​ក្នុង​ការ​ភ្ជាប់​ផ្កា​ស្រូវ​ជាមួយនឹង​ស្មែង​កួរ ។

១.១.៤- គ្រាប់​អង្ករសម្រូប​ ​(Brown​ ​rice)

គ្រាប់ស្រូវ​ ​នៅ​ពេល​ដែល​គេ​បក​យក​សំបក​គ្រាប់​ ​(Rice​ ​hull) ឬ​អង្កាម​ចេញ​ ​គេ​ហៅ​ថា​អង្ករសម្រូប​ ​(រូបភាព​៤) ។ គ្រាប់​អង្ករសម្រូប​ ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ស្រទាប់​សម្រូប​ខាងក្រៅ​ ​(Pericarp​ ​layer) និង​ ​ស្រទាប់​សម្រូប​ខាងក្នុង​ ​(Aleurone​ ​layer) ដែល​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​ ​ប្រូតេអ៊ីន​ ​និង​វីតាមីន ។​ ​នៅ​ខាងក្នុង​ស្រទាប់​ទាំង​ពីរ​នេះ​ ​គឺ​សាច់​គ្រាប់​ ​ឬ​អង់ដូស្ពែម​ ​(Endosperm) និង​អំប្រ៊ីយ៉ុង​ ​(Embryo) ដែល​ខណ្ឌ​ដាច់​ភ្នាស​អេពីតេស្យូម​ ​(Epitelium) ។
រូប​៤ លក្ខណៈ​រូបសាស្ត្រ​នៃ​អង្ករ​សម្រូប 
រូប​៤ លក្ខណៈ​រូបសាស្ត្រ​នៃ​អង្ករ​សម្រូប
អង់ដូស្ពែម​ឬ​សាច់​គ្រាប់​ ​(Endosperm) គឺជា​ផ្នែក​សារធាតុ​ចិញ្ចឹម​នៃ​គ្រាប់​ទុំ​ ​ហើយ​ដែល​អាច​ទ្រទ្រង់​ការ​ដុះ​លូតលាស់​នៃ​ពន្លក​បាន ។​ ​អង់ដូស្ពែម​រួម​ផ្សំ​ជា​ពិសេស​ដោយ​ ​អាមីដុង​ ​ប្រហែល​ ​៨០% និង​សារធាតុ​សំខាន់ៗ​ដទៃ​ទៀត​ ​ដែល​រួម​មាន​សារធាតុ​ ​ស្កររ​ ​ប្រូតេអ៊ីន​ ​និង​សារធាតុ​ខ្លាញ់​ ​(Vergara, 1989) ។ សារធាតុ​ទាំងនោះ​ជា​អាហារ​ធាតុ​បម្រុង​ចាំបាច់​របស់​អំប្រ៊ីយ៉ុង​សម្រាប់​ ដំណើរការ​ដំណុះ​គ្រាប់ ។​ អង់ដូស្ពែម​មាន​ពីរ​ប្រភេទ​ ​គឺ​អង់ដូស្ពែម​ដែល​មាន​ភាព​ស្រអាប់​ ​(អង្ករដំណើប) និង​អង់ដូស្ពែម​ដែល​មាន​ភាព​ថ្លា​(អង្ករខ្សាយ) ។ ប្រភេទ​នីមួយៗ​របស់​អង់ដូស្ពែម​ ​មាន​លក្ខណៈ​ខុសៗ​គ្នា​គឺ​អាស្រ័យ​ទៅ​នឹង​បរិមាណ​នៃ​អាមីឡូស​ដែល​មាន​នៅ​ ក្នុង​នោះ ។
អំប្រ៊ីយ៉ុង​ ​ឬ​ភ្រូណា​ ​(Embryo) ស្ថិត​នៅ​ផ្នែក​ចំហៀង​ពោះ​នៃ​សំបក​គ្រាប់​ធំ​ ​ដែល​ជា​ពន្លក​នៃ​អនាគត​រុក្ខជាតិ​ថ្មី​មួយ​ដើម​ដែល​មាន​នៅ​ក្នុង​គ្រាប់ ។​ ​នៅ​ក្នុង​អំប្រ៊ីយ៉ុង​រួម​មាន​ ​ពន្លក​ស្លឹក​ ​(Plumule) ពន្លក​ឫស​ដំបូង​ ​(Radicle) បណ្ដុំ​ ​សរសៃរ​នាំ​សារធាតុ​ចិញ្ខឹម​ ​(Vascular​ ​bundle) ហើយ​ដែល​ផ្នែក​ទាំង​បី​នេះ​រុំ​ព័ទ្ធ​ដោយ​ស្គូតេឡូម​ ​(Scutelum) (រូបភាព​៥) ។ គ្រប់​កោសិកា​នៃ​អំប្រ៊ីយ៉ុង​ផ្ទុក​ទៅ​ដោយ​ស្កររ​ ​ប្រូតេអ៊ីន​ ​និង​ខ្លាញ់​ដែល​ជា​ប្រភព​នៃ​ថាមពល​ ​និង​អង់ស៊ីម​នា​ពេល​គ្រាប់​ចាប់ផ្ដើម​ដុះ ។
 រូប​៥ អំប៊្រីយ៉ុង
រូប​៥ អំប៊្រីយ៉ុង

១.២- ឫស​ស្រូវ​ ​(Roots)

ឫស​ ​គឺជា​បណ្ដុំ​សរីរាង្គ​ដែល​ប្រមូលផ្ដុំ​ឡើង​ដោយ​សរសៃ​​ចាក់ស្រេះ​ចូល​គ្នា​ ដោយ​ចៃដន្យ​ ​និង​កំណត់​ដោយ​សរសៃ​តូចៗ​ជា​ច្រើន ។​ ​ឫស​ស្រូវ​ចាប់​កើត​មាន​ឡើង​តាំងពី​គ្រាប់ស្រូវ​ចាប់​ដុះ​ពន្លក​ ​នៅ​ពេល​គេ​យក​ទៅ​ធ្វើ​ដំណុះ​ ​ហើយ​មាន​មុខ​ងារ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​ការ​លូតលាស់​របស់​សំណាប​ ​និង​បន្ដបន្ទាប់​មក​ឫស​ស្រូវ​ចាប់ផ្ដើម​ដុះ​ចេញពី​សរីរាង្គ​ផ្សេងៗ​ ​ផ្នែក​ខាងក្រោម​របស់​ដើម​ ដូចជា​ ​គល់​ខ្នែង​បែក​ដំបូង​ ​និង​ថ្នាំង​របស់​ដើម​ ​(Fujil, 1974) ។ ឫស​របស់​ដំណាំ​ស្រូវ​​ចែក​ចេញ​ជា​​៣ គឺ​ ​ឫសកែវ​ ឫសព្រយោង​ ​និង​ឫសខ្យល់​ ​(រូបភាព​៦) ។
រូប​៦​ក លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​​ដំណាំ​ស្រូវ
រូប​៦​ក លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​​ដំណាំ​ស្រូវ
រូប​៦​ខ លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​​ដំណាំ​ស្រូវ
រូប​៦​ខ លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​​ដំណាំ​ស្រូវ

១.២.១- ឫសកែវ​ ​(Seminal​ ​root)

ឫសកែវ​ ​គឺជា​ឫស​ដំបូង​បង្អស់​ដែល​ដុះ​ចេញពី​គ្រាប់ស្រូវ​ ​នៅ​ពេល​ដែល​ស្រូវ​ចាប់ផ្ដើម​ដុះ​ពន្លក​ដំបូង​ ​ហើយ​ឫស​នេះ​មាន​អាយុ​ពី​ ​១ ទៅ​ ​៣០ ថ្ងៃ​ ​ប៉ុណ្ណោះ ។​ ​ឫសកែវ​ដុះ​ចេញ​ក្នុង​រយៈពេល​ ​២ ទៅ​ ​៣ ម៉ោង​ ​បន្ទាប់​ពី​ស្រោម​ពន្លក​ឫស​ ​(Coleorhiza) លេចឡើង​ ​(ដុះ​ចេញ) ។ ឫសកែវ​នឹង​ងាប់​ទៅ​វិញ​ក្នុង​រវាង​អាយុ​ ​១ ខែ​ ​នៅ​ក្រោយ​ពេល​ដែល​ឫសព្រយោង​ចាប់ផ្ដើម​ដុះ​ ​និង​កើន​ឡើង​ជា​បន្ដបន្ទាប់ ។ ឫសកែវ​មានមុខ​ងារ​ ​ស្រូប​យក​ទឹក​សម្រាប់​ផ្ដល់​ឱ្យ​គ្រាប់​ដើម្បី​ធ្វើ​ប្រតិកម្ម​បម្លែង​ម្សៅ ​អាមីដុង​ ​បង្កើត​ទៅ​ជា​ស្ករ​ ​និង​បម្លែង​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត​ ​ដើម្បី​ផ្ដល់​ឱ្យ​ពន្លក​ដើម​អាច​រស់រាន្ដ​មាន​ជីវិត ។

១.២.២- ឫសព្រយោង​ ​(Nodal​ ​or​ ​adventitious​ ​roots)

ឫសព្រយោង​ ​ជា​ប្រភេទ​ឫស​ដែល​ដុះ​ចេញពី​គល់​ថ្នាំង​នៃ​ដើម​ស្រូវ​ ​ដែល​កប់​ក្នុង​ដី​ ​ដែល​មាន​តួនាទី​សម្រាប់​ជា​ជំនួយ​ដល់​ឫសកែវ​ ​(Seminal​ ​root) ។ នៅ​ពេល​ដែល​ស្រោម​ពន្លក​ឫស​ចាប់ផ្ដើម​ដុះ​ ​ស្រោម​ពន្លក​ស្លឹក​ក៏​ដុះ​ចេញ​ដែរ ។​ ​ហើយ​ដែល​នៅ​ក្នុង​នោះ​ ​បន្ទាប់​មក​គឺ​ ​ថ្នាំង​ពន្លក​ ​(Mesocotyl) បាន​ដុះ​ចេញ ។​ ​ថ្នាំង​ពន្លក​នេះ​ ​ជា​ថ្នាំង​ដំបូង​បង្អស់​របស់​ដើម​ស្រូវ ។​ ​នៅ​ពេល​ដែល​ដើម​ស្រូវ​ដុះ​ស្លឹក​ទី​៣ នៅ​ផ្នែក​ខាង​ចុង​នៃ​ថ្នាំង​ពន្លក​ ​ឫសព្រយោង​ក៏​ចាប់ផ្ដើម​ដុះ​ឡើង ។​ ​ក្រោយ​ពី​ដុះ​ ​ឫសព្រយោង​ត្រូវ​បាន​លូតលាស់​ចាក់​ទៅ​ក្រោម​ដី​ប្រមាណ​ ​១៨ ទៅ​ ​២០ សម​ ​និង​ចាក់​ទៅ​សងខាង​ប្រវែង​ពី​ ​៣០ ទៅ​ ​៣៥ សម ។​ ​ការ​លូតលាស់​របស់​ឫសព្រយោង​ ​និង​ស្លឹក​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ ​គឺ​មាន​ន័យ​ថា​ ​ប្រសិនបើ​ប្រវែង​នៃ​ស្លឹក​ស្រូវ​លូត​ចាក់ចេញ​ទៅ​ផ្នែក​ខាង​ឆ្ងាយ​នៃ​ដើម​ បាន​ប្រវែង​ត្រឹមណា​នោះ​ ​ឫសព្រយោង​ក៏​លូតលាស់​ចាក់ចេញ​បាន​ដល់​ត្រឹមនោះ​ដែរ ។ ឫស​នេះ​មានមុខ​ងារ​សម្រាប់​ទ្រទ្រង់​ជំហរ​ដើម​ស្រូវ​មិន​ឱ្យ​ដួល​ ​ស្រូប​យក​ទឹក​ ​និង​សារធាតុចិញ្ចឹម​ ​ជា​ពិសេស​សារធាតុ​អាសូត​ ​ផូស្វ័រ​ ​ប៉ូតាស្យូម​ពី​ក្នុង​ដី​ ​ដើម្បី​ផ្ដល់​ទៅ​ឱ្យ​សរីរាង្គ​ដើម​ស្រូវ​និង​មាន​តួនាទី​សម្រាប់​ផ្ទុក​ ជាតិ​ទឹក​ ​និង​អាហារ​សម្រាប់​ទ្រទ្រង់​ជីវិត​របស់​ដំណាំ​ស្រូវ​ ​(រូបភាព​៦) ។ នៅ​ខាង​ក្បាល​ឫស​ ​មាន​ស្រោម​រឹង​ព័ទ្ធ​ជុំវិញ​ដើម្បី​ការពារ​ឫស​ ​និង​ជា​ជំនួយ​ដល់​ឫស​ក្នុង​ការ​ទម្លុះ​ចូល​ក្នុង​ដី​ ​ដែល​ស្រោម​នេះ​គេ​ហៅ​ថា​លាលាដ៍​ឫស​ ​(Root​ ​Cap) ។

១.២.៣- ឫសខ្យល់​ ​(Adventitious​ ​roots)

ឫស​នេះ​ដុះ​ចេញពី​ថ្នាំង​នៃ​ដើម​ស្រូវ​នៅ​ផ្នែក​ ក្រោម​ ​(ឫស​ដែល​នៅ​លើ​ផ្ទៃដី) ហើយ​ការ​បែកខ្នែង​ ​គឺ​កើតឡើង​ដោយ​ឯកឯង ។ ចំពោះ​ពូជស្រូវ​ឡើង​ទឹក​ គេ​សង្កេត​ឃើញ​វា​កើត​ចេញពី​ថ្នាំង​ខាងលើ​បំផុត​នៃ​ដើម​វែង​ ​តែ​នៅ​ក្រោម​ស្រទាប់​សើៗ​នៃ​ផ្ទៃ​ទឹក ។ ឫសខ្យល់​មាន​ ​២ ប្រភេទ​គឺ​ ​ឫសខ្យល់​ទី​១ (Primary​ ​adventitious​ ​roots) និង​ឫសខ្យល់​ទី​២ (Secondary​ ​adventitious​ ​roots) ។ ចំពោះ​ពពួក​ស្រូវ​ឡើង​ទឹក​ ​គឺ​មាន​ឫសខ្យល់​ទាំង​ពីរ​ប្រភេទ​ ​ហើយ​ដែល​ឫស​ខ្យល់​ទាំង​ពីរ​នឹង​ចាក់​ចូល​ទៅ​ក្នុង​ដី​ពេល​ទឹក​ស្រក ។ ចំពោះ​ពពួក​ស្រូវ​ដទៃ​ទៀត​ ​គឺ​ភាគច្រើន​មាន​តែ​ឫសខ្យល់​ទី​១​ប៉ុណ្ណោះ ។

១.៣- ដើម​ស្រូវ​ ​(Culm)

ដើម​ស្រូវ​មាន​តួនាទី​សម្រាប់​ទ្រទ្រង់​ស្លឹក​ ​និង​កួរស្រូវ​ ​បង្កើត​ដើម​បែក​ថ្មី​ ​និង​ឫស​ ​ភ្ជាប់​សកម្មភាព​នៃ​ការ​ធ្វើ​រស្មី​សំយោគ​ ​ផ្ទុក​ ​និង​ដឹក​ជញ្ជូន​ជាតិ​ទឹក​ ​សារធាតុចិញ្ចឹម​ផ្សេងៗ​ ​និង​សម្រាប់​ធ្វើការ​ផ្គត់ផ្គង់​ខ្យល់​ទៅ​កាន់​ឫស ។ ដើម​ស្រូវ​ត្រូវ​បាន​ចែក​ចេញ​ជា​ ​២​ផ្នែក​គឺ​ ​ថាំ្នង​ ​(Nodes) និង​ចន្លោះ​ថ្នាំង​ ​(Internodes) (រូបភាព​៧) ។
 រូប​៧ លក្ខណៈ​រូបសាស្ត្រ​នៃ​ដើម​ស្រូវ
រូប​៧ លក្ខណៈ​រូបសាស្ត្រ​នៃ​ដើម​ស្រូវ

១.៣.១- ថ្នាំង​ ​(Nodes)

ថ្នាំង​ ​គឺជា​ផ្នែក​រឹង​នៃ​ដើម​ស្រូវ​ដែល​មាន​ភាព​តាន់​ ​និង​គ្មាន​ប្រហោង​ ​ហើយ​ជា​កន្លែង​សម្រាប់​បង្កើត​ស្លឹក​ និង​ពន្លក​ខ្នែង​នៃ​ដើម​ស្រូវ ។ ពន្លក​ខ្នែង​មាន​ទីតាំង​នៅ​ចន្លោះ​របស់​ថ្នាំង​ ​និង​គល់​ស្រទប​ស្លឹក ។​ ​ចំណែក​ថ្នាំង​ដែល​នៅ​ខាង​ចុង​នៃ​ដើម​ ​ជា​ថ្នាំង​ដែល​បង្កើត​កួរស្រូវ ។

១.៣.២- ចន្លោះ​ថ្នាំង​ ​(Internodes)

ចន្លោះ​ថ្នាំង​ ​ជា​ផ្នែក​រលោង​ហើយ​មាន​លក្ខណៈ​រឹង​ ​និង​តាន់​នៅ​ពេល​ដែល​វា​នៅ​ខ្ចី​ ​ប៉ុន្ដែ​ប្រែ​ក្លាយ​ទៅជា​មាន​ប្រហោង​នៅ​ពេល​វា​កាន់តែ​ចាស់ ។ ផ្នែក​នេះ​មាន​ស្នាម​ចង្អូរ​តូចៗ​ ​ហើយ​ជា​ផ្នែក​មូល​រលោង​នៃ​ដើម ។​ ​ចន្លោះ​ថ្នាំង​ខាងក្រោម​ជា​ទូទៅ​ខ្លីៗ​ ​ខុស​ពី​ចន្លោះ​ថ្នាំង​ខាងលើ​ដែល​វែងៗ ។ ចន្លោះ​ថ្នាំង​នេះ​ ​ត​ភ្ជាប់​គ្នា​បាន​ពី​មួយ​ទៅ​មួយ​ដោយសារ​ថ្នាំង​ ​(Nodes) ។ ចំពោះ​ចន្លោះ​ថ្នាំង​របស់​ដំណាំ​ស្រូវ​មាន​ច្រើន​ ​ឬ​តិច​ ​គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ពូជ​ផ្សេងៗ​គ្នា​ ​ដោយសារ​ពូជ​ខ្លះ​មាន​ចន្លោះ​ថ្នាំង​ច្រើន​ដែល​ធ្វើ​ឱ្យ​ដើម​មាន​កំពស់​ ខ្ពស់​ ​និង​ពូជ​ខ្លះ​ទៀត​មាន​ចន្លោះ​ថ្នាំង​តិច​ដែល​ធ្វើ​ឱ្យ​ដើម​មាន​កំពស់​ទាប។ ជា​ទូទៅ​ ​ចន្លោះ​ថ្នាំង​ចាប់ផ្ដើម​លូត​បណ្ដោយ​ ​ឬ​លូត​ប្រវែង​ ​ចាប់ពី​ផ្នែក​ខាងក្រោម​ទៅ​ផ្នែក​ខាងលើ​នៃ​ដើម​ស្រូវ ។​ ​យ៉ាងណាមិញ​ ​ចន្លោះ​ថ្នាំង​ដែល​មា​នទី​តាំងនៅ​ផ្នែក​ខាងលើ​បំផុត​នៃ​ដើម​ស្រូវ​តែងតែមាន ​ទំហំ​តូច​ ​ជាពិសេស​ចន្លោះ​ថ្នាំង​ដែល​ផ្ទុក​ផ្កា​ ​និង​គ្រាប់ ។

១.៣.៣- ការ​បែក​គុម្ព​ ​(Tillering)

 រូប​៨ ប្រព័ន្ធ​បែប​គុម្ព​នៃ​ដំណាំ​ស្រូវ
រូប​៨ ប្រព័ន្ធ​បែប​គុម្ព​នៃ​ដំណាំ​ស្រូវ
ស្រូវ​ ​គឺជា​ដំណាំ​ដែល​មាន​លទ្ធភាព​ក្នុង​ការ​បែក​គុម្ព​ខ្លាំង ។ បែក​គុម្ព​ ​គឺជា​ដំណើរការ​មួយ​ដែល​ក្នុង​នោះ​ដើម​បែក​ថ្មីៗ​ ​បាន​ដុះ​លូតលាស់​ចេញពី​ដើម​មេ​ ​ឬ​ដើម​បែក​ចាស់ៗ ។​ ​លោក​ ​Katayama​ ​(1951) បាន​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​អំពី​ដំណើរការ​បែក​គុម្ព​នេះ​ ​ហើយ​បាន​បង្កើត​ជា​ប្រព័ន្ធ​មួយ​ ​ដែល​គេ​បាន​បន្ដ​ប្រើប្រាស់​រហូត​មក​ដល់​បច្ចុប្បន្ន ។​ ​រូបភាព​៨ គឺជា​គំនូសបំព្រួញ​អំពី​ការ​បែក​គុម្ព​ ​ដែល​មាន​លក្ខណៈ​សម្រាយ​ជាង​លោក​ ​Katayama​ ​(1951) បន្ដិច​ ​ដោយសារ​គំនូសបំព្រួញ​នេះ​មិន​បាន​បញ្ជាក់​អំពី​លេខ​រៀង​របស់​ថ្នាំង​ ​ដែល​ដើម​បែក​បាន​ដុះ​ចេញ​មក ។​ ​ដើម​បែក​របស់​ដំណាំ​ស្រូវ​ ​ត្រូវ​បាន​ចែក​ជាដើម​មេ​ ​ដើម​បែក​ទី​មួយ​ ​(Primary​ ​tiller) ដើម​បែក​ទី​ពីរ​ ​(Secondary​ ​tiller) និង​ដើម​បែក​ទី​បី​ ​(Tertiary​ ​tiller) ។ ដើម​មេ​ ​គឺជា​ដើម​ដែល​ដុះ​ចេញពី​គ្រាប់​ ​ហើយ​ចេញពី​ដើម​មេនេះ​ ​មាន​ដើម​បែក​ទី​មួយ​ ​(Ti, i=1,…,n) ជា​ច្រើន​ដុះ​ចេញ​មក​តាម​លំដាប់លំដោយ​នៃ​ថ្នាំង ។​ ​ដើម​បែក​ទី​ពីរ​ ​គឺជា​ដើម​បែក​ដែល​ដុះ​ចេញពី​ដើម​បែក​ទី​មួយ​ ​ហើយ​ដើម​បែក​ទី​បី​ ​គឺជា​ដើម​បែក​ដែល​ដុះ​ចេញពី​ដើម​ ​បែក​ទី​ពីរ ។​ ​នៅ​ក្នុង​រូបភាព​៨ ដើម​មេ​ ​គឺ​តាង​ដោយ​ ​T0 ដើម​បែក​ទី​មួយ​ ​គឺ​តាង​ដោយ​អក្សរ​ ​T​ ​និង​លេខ​មួយ​ខ្ទង់​ ​(ឧទាហរណ៍ៈ​ ​T1, T2, …) ដើម​បែក​ទី​ពីរ​គឺ​តាង​ដោយ​អក្សរ​ ​T​ ​និង​លេខ​ពីរ​ខ្ទង់​ ​(ឧទាហរណ៍ៈ​ ​T11, T21, …) និង​ដើម​បែក​ទី​បី​ ​គឺ​តាង​ដោយ​អក្សរ​ ​T​ ​និង​លេខ​បី​ខ្ទង់​ ​(ឧទាហរណ៍ៈ​ ​T111, T211, …) លំដាប់​លេខ​១-n​ ​បញ្ជាក់​ពី​ដើម​បែក​ដែល​ដុះ​លំដាប់​បន្ដ​គ្នា​ ​ដូច​ជា​ ​T1​ ​គឺ​ដើម​បែក​ទី​មួយ​ដែល​ដុះ​មុនគេ​ពី​ដើម​មេ​ ​ហើយ​ ​T5​ ​គឺជា​ដើម​បែក​ទី​មួយ​ដែល​ដុះ​ចេញពី​ដើម​មេ​ ​បន្ទាប់​ពី​ដើម​បែក​ទី​មួយ​ ​បួន​ទៀត​បាន​ដុះ​ចេញពី​ដើម​មេ​រួច​ហើយ ។​ ​ចំនួន​ដើម​បែក​ ​គឺ​អាស្រ័យ​ទៅ​លើ​ពូជ​រយៈពេល​លូតលាស់​ ​លក្ខខណ្ឌ​ដាំ​ដុះ​ ​(ពន្លឺ​ ​និង​សារធាតុចិញ្ចឹម) និង​វិធីសាស្ដ្រ​ដាំ​ដុះ ។

១.៤- ស្លឹក​ស្រូវ​ ​(Leaf)

ស្លឹក​ស្រូវ​ទាំងអស់​ត្រូវ​បាន​ទ្រ​ដោយ​ដើម​ ​ហើយ​តំរៀប​ជា​ពីរ​ជួរ ។ គេ​សង្កេត​ឃើញ​ថា​ ​នៅ​ផ្នែក​ខាងលើ​នៃ​ថ្នាំង​មួយ​ ​គឺ​មាន​ដុះ​ស្លឹក​មួយ​ ​ដែល​មាន​ពីរ​ផ្នែក​គឺ​ស្រទប​ស្លឹក​ ​(Leaf​ ​sheath) និង​បន្ទះ​ស្លឹក​ ​(Leaf​ ​blade) (រូបភាព​៩) ។ ក្នុង​មួយ​វដ្ដ​ជីវិត​របស់​ដើម​ស្រូវ​មាន​ស្លឹក​ពី​ ​១០ ទៅ​ ​២០ ប៉ុន្ដែ​មាន​តែ​ស្លឹក​ពី​ ​៥ ទៅ​ ​១០ ប៉ុណ្ណោះ​ ​ដែល​នៅ​រស់​រហូត​ដល់​ពេល​ប្រមូល​ផល​គ្រាប់​ ​ចំណែក​ស្លឹក​ដទៃ​ទៀត​ចាប់ផ្ដើម​ស្វិត​ ​និង​ងាប់​បន្ដបន្ទាប់​ទៅ​តាម​ការ​អភិវឌ្ឍ​​នៅ​ក្នុង​វគ្គ​នីមួយៗ​នៃ​ដំណាំ​ ស្រូវ ។​ ​ស្លឹក​ខាងលើ​បំផុត​ដែល​ស្ថិត​នៅ​ខាងក្រោម​កួរ​ ​គឺជា​ស្លឹក​ទង់ជ័យ​ ​ឬ​ស្លឹក​អម​កួរ​ ​(Flag​ ​leaf) ។ ស្លឹក​ស្រូវ​មាន​មុខងារ​សម្រាប់​ទទួល​ពន្លឺ​ ​និង​ដឹកនាំ​ការ​ធ្វើ​រស្មី​សំយោគ​ ​សកម្មភាព​ដំណក​ដង្ហើម​ ​បំភាយ​ចំហាយ​ទឹក​ ​សម្រាប់​ផ្ទុក​អាហារ​ចិញ្ចឹម​ផ្សេងៗ​ ​សម្រាប់​នាំ​ខ្យល់​ទៅ​ឱ្យ​ឫស​ ​ដើម​ ​និង​ស្រទប​ស្លឹក​ដែល​ស្ថិត​នៅ​ក្នុង​ទឹក ។​ ​នៅ​ផ្នែក​ត​ភ្ជាប់​រវាង​ស្រទប​ស្លឹក​ ​(Leaf​ ​sheath) និង​បន្ទះ​ស្លឹក​ ​(Leaf​ ​blade) មាន​សរីរាង្គ​បី​ទៀត​គឺ​ ​ចង្កំ​ស្លឹក​ ​(Collar) អណ្ដាត​ស្លឹក​ ​(Ligule) និង​ត្រចៀក​ស្លឹក​ ​(Auricle) ។
 រូប​៩ ស្លឹក​ស្រូវ
រូប​៩ ស្លឹក​ស្រូវ

១.៤.១- ស្រទប​ស្លឹក​ ​(Leaf​ ​sheath) និង​បន្ទះ​ស្លឹក​ ​(Leaf​ ​blade)

ស្រទប​ស្លឹក​ ​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​នៃ​ស្លឹក​ ​ដែល​ស្រោប​រុំ​ព័ទ្ធ​ជុំវិញ​ដើម ។​ ​ជួនកាល​ស្រទប​ស្លឹក​ ​និង​បន្ទះ​ស្លឹក​ត​ភ្ជាប់​គ្នា​នៅ​ចន្លោះ​ថ្នាំង ។ ស្រទប​ស្លឹក​ដែល​ស្ថិត​នៅ​ត្រង់​គល់​ថ្នាំង​ ​មាន​រាង​ប៉ោង​ចេញ​ ​ដែល​គេ​ឱ្យឈ្មោះ​ថា​ ​ផ្នែក​ប៉ោង​នៃ​ស្រទប​ស្លឹក ។ បន្ទះ​ស្លឹក​ ​គឺជា​ផ្នែក​ខាងលើ​នៃ​ស្លឹក​មាន​រាង​ជា​បន្ទះ​ស្រួច​ហើយ​រាបស្មើ ។ នៅ​ផ្នែក​ខាងក្រោម​នៃ​ផ្ទៃ​ស្លឹក​ចំ​កណ្ដាល មាន​ទ្រនុង​ធំ​មួយ​លយ​ចេញ​ជាងគេ​ ​គឺជា​ទ្រនុង​កណ្ដាល​នៃស្លឹក (Midrib) ។ ផ្ទៃ​ខាងលើ​នៃ​បន្ទះ​ស្លឹក​មាន​ជួរ​​ឆ្នូតៗ​ជា​ច្រើន​ ​ដែល​ស្របគ្នា​ជាមួយ​ទ្រនុង​ស្លឹក ។​ ​ស្លឹក​ដុះ​ចេញ​មក​ឆ្លាស់គ្នា​នៅ​លើ​ដើម ។​

១.៤.២- ចង្កំ​ស្លឹក​ ​(Collar) អណ្ដាត​ស្លឹក​ ​(Ligule) និង​ត្រចៀក​ស្លឹក​ ​(Auricle)

ចង្កំ​ស្លឹក​ ​គឺជា​ផ្នែក​មួយ​សម្រាប់​ត​ភ្ជាប់​រវាង​ស្រទប​ស្លឹក​ ​និង​បន្ទះ​ស្លឹក​ ​ឬ​ជា​ផ្នែក​ដែល​ខណ្ឌ​ស្រទប​ស្លឹក​ ​និង​បន្ទះ​ស្លឹក ។​ ​អណ្ដាត​ស្លឹក​ ​គឺជា​ភ្នាស​ស្ដើង​ឈរ​ត្រង់​ទៅ​លើ​ ​ហើយ​ស្ថិត​នៅ​ខាងក្នុង​បន្ទះ​ស្លឹក​ ​ពោល​គឺ​នៅ​កន្លែង​ណា​ដែល​បន្ទះ​ស្លឹក​ត​ភ្ជាប់​នឹង​ស្រទប​ស្លឹក ។ ទម្រង់​របស់​វា​មាន​សភាព​ស្ដើង​ស្រួច​ចុង​ ​ដែល​ចុង​នោះ​អាច​បែក​ជា​ពីរ​ ​ឬ​មិន​បែក​អាស្រ័យ​ដោយ​ពូជ ។ ត្រចៀក​ស្លឹក​ ​គឺជា​ព្រុយ​មួយ​គូ​ដែល​ស្ថិត​នៅ​គែម​សងខាង​ ​ផ្នែក​គល់​ខាងក្រោយ​នៃ​បន្ទះ​ស្លឹក​ស្រូវ ។​ ​ជា​ធម្មតា​ត្រចៀក​ស្លឹក​ ​លូត​ឡើង​នៅ​ផ្នែក​ចំហៀង​ ​ពោល​គឺ​កន្លែង​ដែល​អណ្ដាត​ ​និង​គល់​នៃ​ចង្កំ​ស្លឹក​ត​ភ្ជាប់​គ្នា ។ អណ្ដាត​ស្លឹក​ ​និង​ត្រចៀក​ស្លឹក​ ​ជា​សរីរាង្គ​ដែល​សំខាន់​បំផុត​ ​ក្នុង​ការ​កំណត់​ពី​ភាព​ខុស​គ្នា​រវាង​ដំណាំ​ស្រូវ​ ​និង​ស្មៅ​ ​ក្នុង​ដំណាក់កាល​លូតលាស់ ។ ជា​ទូទៅ​ស្លឹក​របស់​ពូជស្រូវ​ទាំងអស់​ ​គឺ​មាន​សរីរាង្គ​ទាំង​ពីរ​នេះ​ ​ផ្ទុយ​ទៅ​វិញ​ស្លឹក​ស្មៅ​ ​គឺ​អាច​គ្មាន​មាន​សរីរាង្គ​ទាំង​ពីរ​នេះ​ ​ឬ​ក៏​មាន​តែ​មួយ​ប៉ុណ្ណោះ ។

២- លក្ខណៈ​រូបសាស្ដ្រ​នៃ​សរីរាង្គ​បន្ដ​ពូជ​

២.១- កួរស្រូវ​ ​(Panicle​ ​or​ ​Inflorescence)

កួរស្រូវ​រួម​មាន​កកួរ​ ​(Panicel base) អ័ក្ស​នៃ​កួរ​ ​(Panicle​ ​axis) ស្មែង​ទី​មួយ​ ​(Primary​ ​branch) ស្មែង​ទី​ពីរ​ ​(Secondary​ ​branch) ទង​គ្រាប់​ ​(Pedicel) និង​កន្សោម​ផ្កា​ ​(Spikelet) (រូបភាព​១០) ។ ក​កួរ​ ​គឺជា​ផ្នែក​ដែល​ភ្ជាប់​តួ​កួរ​ជាមួយ​ចន្លោះ​ថ្នាំង​លើ​បំផុត​នៃ​ដើម​ ​(Uppermost​ ​internodes) ។ ស្មែង​ទី​មួយ​ ​គឺជា​ស្មែង​ដែល​ដុះ​ចេញពី​អ័ក្ស​នៃ​កួរ​ ​ដែល​នៅ​លើ​ស្មែង​ទី​មួយ​នេះ​ ​មាន​ស្មែង​ទី​ពីរ​ដុះ​ចេញ ។​ ​ជា​ទូទៅ​កន្សោម​ផ្កា​ ​គឺ​ដុះ​ចេញពី​ស្មែង​ទី​ពីរ​ដែល​មាន​ទង​គ្រាប់​ជា​សរីរាង្គ​ភ្ជាប់ ។
 រូប​១០ កួរ​ស្រូវ
រូប​១០ កួរ​ស្រូវ
កួរស្រូវ​បាន​ចាប់ផ្ដើម​អភិវឌ្ឍ​នា​ចុង​ដំណាក់កាល​ ពន្លូត​ដើម ។​ ​កំពក​កួរ​ ​(Panicle​ ​primordial) បាន​លេច​ចេញ​មុនគេ​ ​រួច​បន្ទាប់​មក​កំណរ​កួរ​ ​(Panicle​ ​initiation) បាន​ចាប់​ដំណើរការ​ ​រហូត​បានជា​រូបរាង​កួរ​ទាំងមូល​ហើយ​ដែល​ដំណើរការ​នេះ​ ​គឺ​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ស្រទប​ស្លឹក​ទង់ជ័យ ។ នៅ​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​កួរ​នេះ​ ​ផ្នែក​ខាង​ចុង​នៃ​ដើម​ស្រូវ​ ​ដែល​រុំ​ព័ទ្ធ​ដោយ​ស្រទប​ស្លឹក​ទង់ជ័យ​រីក​ប៉ោង​ ​និង​លូត​វែង​ ​ដូចនេះ​បានជា​គេ​ហៅ​ថា​ ​ដំណាក់កាល​ផើម​ ​(Booting​ ​stage) ។ ជាទូទៅ​ ​ដំណាក់កាល​ផើម​នេះ​ ​មាន​រយៈពេល​ ​៣៥ ថ្ងៃ​ ​ទើប​កួរស្រូវ​ចេញ​ផុត​ពី​ស្រទប​ស្លឹក​ទង់ជ័យ ។ លទ្ធភាព​របស់​កួរស្រូវ​ ​ដែល​អាច​លូត​ផុត​ពី​ស្រទប​ស្លឹក​ទង់ជ័យ​គឺជា​ដំណក​កួរ​ ​(Panicle​ ​exertion) ហើយ​ដំណក​កួរ​នេះ​ ​គឺ​អាស្រ័យ​ទៅ​តាម​ពូជស្រូវ ។

២.២- កន្សោម​ផ្កា​ ​(Spikelet)

ស្រូវ​គឺជា​រុក្ខជាតិ​ស្វ័យចរ​លំអង​ ​(Autogram/ Self​-pollinated) ដោយ​មាន​កេសរ​ឈ្មោល​ ​(Stamen) និង​កេស​រញី​ ​(Pistil) ស្ថិត​នៅ​ក្នុង​កន្សោម​ផ្កា​តែ​មួយ ។​ ​ផ្នែក​បន្សំ​នៃ​កន្សោម​ផ្កា​មាន​បង្ហាញ​នៅ​ក្នុង​រូបភាព​១១ ឯ​ផ្នែក​ខាងក្រៅ​ ​ក៏​បាន​រៀបរាប់​ក្នុង​ចំណុច​១.១ រួច​ហើយ​ដែរ ។​ ​ផ្នែក​ខាងក្នុង​នៃ​កន្សោម​ផ្កា​មាន​ ​កេសរ​ឈ្មោល​ ​(Stamen) និង​កេសរ​ញី​ ​(Pistil) ។ កេសរ​ឈ្មោល​ ​ផ្សំ​ឡើង​ដោយ​ទង​នៃ​ថង់​លំអង​ ​(Filament) និង​ថង់​លំអង​ ​(Anther) ដែល​ផ្ទុក​ទៅ​ដោយ​លំអង​ឈ្មោល​ ​(Pollens) ។ កេសរ​ឈ្មោល​មាន​ចំនួន​ប្រាំមួយ​ក្នុង​កន្សោម​ផ្កា​មួយ ។​
 រូប​១១ ផ្នែក​នីមួយៗ​នៃ​កន្សោម​ផ្កា
រូប​១១ ផ្នែក​នីមួយៗ​នៃ​កន្សោម​ផ្កា
កេសរ​ញី​ផ្សំ​ឡើង​ដោយ​ ​អូវែ​ ​(Ovary) មួយ​ ​កកេសរ​ញី​ ​(Style) ពីរ​ ​និង​មាត់​កេសរ​ញី​ ​(Stigma) ពីរ ។​ ​បន្ទាប់​ពី​កួរស្រូវ​ ​(ទាំងមូល​ ​ឬ​ផ្នែក​ខ្លះ) ចេញ​ផុត​ពី​ស្រទប​ស្លឹក​ទង់ជ័យ​ហើយ​ ​កន្សោម​ផ្កា​នឹង​បើក​ ​ហើយ​បន្ទាប់​មក​ថង់​លំអង​ក៏​បែក​ ​រួច​លំអង​ឈ្មោល​ដែល​ទុំ​នឹង​ជ្រុះ​ធ្លាក់​ទៅ​លើ​មាត់​កេសរ​ញី ។ លំអង​ឈ្មោល​នឹង​ត្រូវ​ចូល​ទៅ​អូវែ​តាម​រយៈ​ក​កេសរ​ញី​ ​ហើយ​ដែល​នៅ​ទីនោះ​ ​លំអង​ឈ្មោល​ប្រសព្វ​ជាមួយ​បុប្ផាណករ​ ​(Ovule) ។ ដំណើរការ​រោយ​លំអង​ប្រព្រឹត្ដ​ទៅ​ក្នុង​ចន្លោះ​ពេល​ពី​ម៉ោង​ ​៩:០០-១២:០០ ព្រឹក ។​ ​បន្ទាប់​ពី​ភព​ប្រសព្វ​ហើយ​ ​អូវែ​នឹង​អភិវឌ្ឍ​ទៅ​ជា​គ្រាប់ស្រូវ ៕
ដោយ​ ​លោក​ ​អ៊ុក​ ​ម៉ាការា, ពិន ​ ​តារា​ ​និង​ ​ឡោ​ ​ប៊ុណ្ណា​