លក្ខណៈ រូបសាស្ដ្រនៃដំណាំស្រូវ
លក្ខណៈរូបសាស្ដ្រនៃដំណាំស្រូវ
គឺជាមូលដ្ឋានដើមក្នុងការស្វែងយល់ពីដំណាំស្រូវ ។
ការយល់ដឹងពីលក្ខណៈរូបសាស្ដ្ររបស់ដំណាំស្រូវមានសារៈសំខាន់ណាស់
ក្នុងការងារជ្រើសរើសពូជ ការបង្កាត់ពូជ
និងការងារគ្រប់គ្រងដំណាំស្រូវ ដើម្បីបង្កើនទិន្នផល ។ ជាទូទៅ
ដើមស្រូវត្រូវបានបែងចែកជា ឫស ដើម ស្លឹក កួរ និងគ្រាប់
(រូបភាព១) ។ ដោយផ្អែកទៅលើដំណើរការលូតលាស់របស់ដំណាំស្រូវ
លក្ខណៈរូបសាស្ដ្ររបស់ដំណាំស្រូវត្រូវបានបែងចែកជាពីរផ្នែកគឺ
លក្ខណៈរូបសាស្ដ្រនៃសរីរាង្គលូតលាស់
និងលក្ខណៈរូបសាស្ដ្រនៃសរីរាង្គបន្ដពូជ ។
រូប១
លក្ខណៈរូបសាស្ត្ររបស់ដើមស្រូវ
១- លក្ខណៈរូបសាស្ដ្រនៃសរីរាង្គលូតលាស់
សរីរាង្គលូតលាស់របស់ដំណាំស្រូវរួមមាន
គ្រាប់ស្រូវ (Rice grain) ឫសស្រូវ (Roots) ដើមស្រូវ (Culm)
និងស្លឹកស្រូវ (Leaf) (រូបភាព២) ។
រូប២
សរីរាង្គលូតលាស់របស់ដំណាំស្រូវ
១.១- គ្រាប់ស្រូវ (Rice grain)
គ្រាប់ស្រូវមួយ ផ្សំឡើងដោយសំបកគ្រាប់
(Rice hull) គ្រាប់អង្ករសម្រូប (Brown rice) អ័ក្សទ្រគ្រាប់
(Rachilla) សំបកនិប្ជល (Sterile lemmas) កំពកចុងស្មែង
(Rudimentary glumes) និងទងគ្រាប់(Pedicel) (Matsuo and
Hoshikow, 1993) (រូបភាព៣) ។
គ្រាប់អង្ករសម្រូបត្រូវបានរុំព័ទ្ធដោយសំបកគ្រាប់
ដែលផ្នែកទាំងពីរនេះភ្ជាប់ជាមួយទងគ្រាប់ដោយអ័ក្សទ្រគ្រាប់នា
កំពកនៃចុងស្មែង ។ នៅពីក្រោមអ័ក្សទ្រគ្រាប់ គឺសំបកនិប្ជល ។
រូប៣
លក្ខណៈរូបសាស្ត្ររបស់គ្រាប់ស្រូវ
១.១.១- សំបកគ្រាប់ (Rice hull)
សំបកនេះ
មានសភាពរឹងដែលស្រោបគ្រាប់អង្ករសម្រូបពីខាងក្រៅ ។
កាលណាគេយកសំបកនេះចេញពីគ្រាប់អង្ករ ត្រូវបានគេហៅថា
“អង្កាម” ។ សំបកគ្រាប់ចែកចេញជាពីរផ្នែកគឺ សំបកធំ ឬសំបកពោះ
(Lemma) និងសំបកតូច ឬសំបកខ្នង (Palea) (រូបភាព៣) ។
នៅលើសំបកគ្រាប់មានរោមជាច្រើន ហើយពូជស្រូវខ្លះ
នៅផ្នែកខាងចុងនៃសំបកធំមានកន្ទុយ ។ សំបកធំ (Lemma)
និងសំបកតូច (Palea)
មានមុខងារសំខាន់ណាស់សម្រាប់ការពារនូវជាលិការបស់គ្រាប់អង្ករ
កំណត់ទម្រង់ទំហំនៃគ្រាប់ ព្រមទាំងរយៈពេលដុះពន្លកឫសនៃគ្រាប់ ។
កាលណាសំបកគ្រាប់មានកម្រាស់ស្ដើង
នោះការដុះពន្លកគ្រាប់បានឆាប់
តែផ្ទុយមកវិញប្រសិនបើសំបកគ្រាប់មានកម្រាស់ក្រាស់
នោះរយៈពេលនៃការដុះពន្លកគ្រាប់យូរ (CIAP, 1996) ។
១.១.២- អ័ក្សទ្រគ្រាប់ (Rachilla) និងសំបកនិប្ជល (Sterile lemmas)
អ័ក្សទ្រគ្រាប់ គឺជាផ្នែកមួយនៃគ្រាប់ស្រូវ
ដែលជាចំនុចប្រសព្វរវាងសំបកធំ (Lema) និងសំបកតូច (Palea)
ហើយមានតួនាទីយ៉ាងសំខាន់ក្នុងការកាន់ទ្រផ្កា
និងគ្រាប់នីមួយៗរបស់ដំណាំស្រូវ ។ លើសពីនេះទៅទៀត
អ័ក្សទ្រគ្រាប់មានតួនាទីក្នុងការតភ្ជាប់រវាងសំបកនិប្ជល
(Sterile lemmas) និងតួគ្រាប់ស្រូវ ។ សំបកនិប្ជល
គឺជាសំបកគ្រាប់ស្រូវដែលគ្មានការលូតលាស់
ដែលស្ថិតនៅពីខាងក្រោមនៃសំបកធំ (Lema) និងសំបកតូច (Palea) ។
សំបកនិប្ជលចែកចេញជា២ គឺសំបកនិប្ជលលើ (Upper glumme)
និងសំបកនិប្ជលក្រោម (Lower glumme) (រូបភាព៣) ។
១.១.៣- កំពកចុងស្មែង (Rudimentary glumes) និងទងគ្រាប់ ឬទងផ្កា (Pedicel)
កំពកចុងស្មែង
គឺជាផ្នែកខាងចុងគេបំផុតនៃស្មែង ដែលមានរាងកំប៉ោងដូចពែង ។
វាស្ថិតនៅពីក្រោមសំបកនិប្ជល (Sterile lemmas) ។ កំពកនេះ
មានតួនាទីយ៉ាងសំខាន់ ក្នុងការរក្សានូវលំនឹងរបស់គ្រាប់ស្រូវ ។
ទងគ្រាប់ ឬទងផ្កា
គឺជាផ្នែកនៅខាងក្រោមគេបំផុតនៃគ្រាប់ស្រូវ ។
ផ្នែកនេះមានតួនាទីក្នុងការភ្ជាប់ផ្កាស្រូវជាមួយនឹងស្មែងកួរ ។
១.១.៤- គ្រាប់អង្ករសម្រូប (Brown rice)
គ្រាប់ស្រូវ នៅពេលដែលគេបកយកសំបកគ្រាប់
(Rice hull) ឬអង្កាមចេញ គេហៅថាអង្ករសម្រូប (រូបភាព៤) ។
គ្រាប់អង្ករសម្រូប ត្រូវបានហ៊ុំព័ទ្ធដោយស្រទាប់សម្រូបខាងក្រៅ
(Pericarp layer) និង ស្រទាប់សម្រូបខាងក្នុង (Aleurone layer)
ដែលផ្ទុកទៅដោយខ្លាញ់ ប្រូតេអ៊ីន និងវីតាមីន ។
នៅខាងក្នុងស្រទាប់ទាំងពីរនេះ គឺសាច់គ្រាប់ ឬអង់ដូស្ពែម
(Endosperm) និងអំប្រ៊ីយ៉ុង (Embryo) ដែលខណ្ឌដាច់ភ្នាសអេពីតេស្យូម
(Epitelium) ។
រូប៤
លក្ខណៈរូបសាស្ត្រនៃអង្ករសម្រូប
អង់ដូស្ពែមឬសាច់គ្រាប់ (Endosperm)
គឺជាផ្នែកសារធាតុចិញ្ចឹមនៃគ្រាប់ទុំ
ហើយដែលអាចទ្រទ្រង់ការដុះលូតលាស់នៃពន្លកបាន ។
អង់ដូស្ពែមរួមផ្សំជាពិសេសដោយ អាមីដុង ប្រហែល ៨០%
និងសារធាតុសំខាន់ៗដទៃទៀត ដែលរួមមានសារធាតុ ស្កររ ប្រូតេអ៊ីន
និងសារធាតុខ្លាញ់ (Vergara, 1989) ។
សារធាតុទាំងនោះជាអាហារធាតុបម្រុងចាំបាច់របស់អំប្រ៊ីយ៉ុងសម្រាប់
ដំណើរការដំណុះគ្រាប់ ។ អង់ដូស្ពែមមានពីរប្រភេទ
គឺអង់ដូស្ពែមដែលមានភាពស្រអាប់ (អង្ករដំណើប)
និងអង់ដូស្ពែមដែលមានភាពថ្លា(អង្ករខ្សាយ) ។
ប្រភេទនីមួយៗរបស់អង់ដូស្ពែម
មានលក្ខណៈខុសៗគ្នាគឺអាស្រ័យទៅនឹងបរិមាណនៃអាមីឡូសដែលមាននៅ
ក្នុងនោះ ។
អំប្រ៊ីយ៉ុង ឬភ្រូណា (Embryo)
ស្ថិតនៅផ្នែកចំហៀងពោះនៃសំបកគ្រាប់ធំ
ដែលជាពន្លកនៃអនាគតរុក្ខជាតិថ្មីមួយដើមដែលមាននៅក្នុងគ្រាប់ ។
នៅក្នុងអំប្រ៊ីយ៉ុងរួមមាន ពន្លកស្លឹក (Plumule) ពន្លកឫសដំបូង
(Radicle) បណ្ដុំ សរសៃរនាំសារធាតុចិញ្ខឹម (Vascular bundle)
ហើយដែលផ្នែកទាំងបីនេះរុំព័ទ្ធដោយស្គូតេឡូម (Scutelum)
(រូបភាព៥) ។ គ្រប់កោសិកានៃអំប្រ៊ីយ៉ុងផ្ទុកទៅដោយស្កររ
ប្រូតេអ៊ីន និងខ្លាញ់ដែលជាប្រភពនៃថាមពល
និងអង់ស៊ីមនាពេលគ្រាប់ចាប់ផ្ដើមដុះ ។
រូប៥
អំប៊្រីយ៉ុង
១.២- ឫសស្រូវ (Roots)
ឫស
គឺជាបណ្ដុំសរីរាង្គដែលប្រមូលផ្ដុំឡើងដោយសរសៃចាក់ស្រេះចូលគ្នា
ដោយចៃដន្យ និងកំណត់ដោយសរសៃតូចៗជាច្រើន ។
ឫសស្រូវចាប់កើតមានឡើងតាំងពីគ្រាប់ស្រូវចាប់ដុះពន្លក
នៅពេលគេយកទៅធ្វើដំណុះ
ហើយមានមុខងារក្នុងការជួយទ្រទ្រង់ដល់ការលូតលាស់របស់សំណាប
និងបន្ដបន្ទាប់មកឫសស្រូវចាប់ផ្ដើមដុះចេញពីសរីរាង្គផ្សេងៗ
ផ្នែកខាងក្រោមរបស់ដើម ដូចជា គល់ខ្នែងបែកដំបូង
និងថ្នាំងរបស់ដើម (Fujil, 1974) ។
ឫសរបស់ដំណាំស្រូវចែកចេញជា៣ គឺ ឫសកែវ ឫសព្រយោង និងឫសខ្យល់
(រូបភាព៦) ។
រូប៦ក
លក្ខណៈរូបសាស្ត្រនៃឫសរបស់ដំណាំស្រូវ
រូប៦ខ
លក្ខណៈរូបសាស្ត្រនៃឫសរបស់ដំណាំស្រូវ
១.២.១- ឫសកែវ (Seminal root)
ឫសកែវ
គឺជាឫសដំបូងបង្អស់ដែលដុះចេញពីគ្រាប់ស្រូវ
នៅពេលដែលស្រូវចាប់ផ្ដើមដុះពន្លកដំបូង ហើយឫសនេះមានអាយុពី ១
ទៅ ៣០ ថ្ងៃ ប៉ុណ្ណោះ ។ ឫសកែវដុះចេញក្នុងរយៈពេល ២ ទៅ ៣ ម៉ោង
បន្ទាប់ពីស្រោមពន្លកឫស (Coleorhiza) លេចឡើង (ដុះចេញ) ។
ឫសកែវនឹងងាប់ទៅវិញក្នុងរវាងអាយុ ១ ខែ
នៅក្រោយពេលដែលឫសព្រយោងចាប់ផ្ដើមដុះ និងកើនឡើងជាបន្ដបន្ទាប់ ។
ឫសកែវមានមុខងារ
ស្រូបយកទឹកសម្រាប់ផ្ដល់ឱ្យគ្រាប់ដើម្បីធ្វើប្រតិកម្មបម្លែងម្សៅ
អាមីដុង បង្កើតទៅជាស្ករ និងបម្លែងសារធាតុចិញ្ចឹមផ្សេងៗទៀត
ដើម្បីផ្ដល់ឱ្យពន្លកដើមអាចរស់រាន្ដមានជីវិត ។
១.២.២- ឫសព្រយោង (Nodal or adventitious roots)
ឫសព្រយោង
ជាប្រភេទឫសដែលដុះចេញពីគល់ថ្នាំងនៃដើមស្រូវ ដែលកប់ក្នុងដី
ដែលមានតួនាទីសម្រាប់ជាជំនួយដល់ឫសកែវ (Seminal root) ។
នៅពេលដែលស្រោមពន្លកឫសចាប់ផ្ដើមដុះ
ស្រោមពន្លកស្លឹកក៏ដុះចេញដែរ ។ ហើយដែលនៅក្នុងនោះ
បន្ទាប់មកគឺ ថ្នាំងពន្លក (Mesocotyl) បានដុះចេញ ។
ថ្នាំងពន្លកនេះ ជាថ្នាំងដំបូងបង្អស់របស់ដើមស្រូវ ។
នៅពេលដែលដើមស្រូវដុះស្លឹកទី៣ នៅផ្នែកខាងចុងនៃថ្នាំងពន្លក
ឫសព្រយោងក៏ចាប់ផ្ដើមដុះឡើង ។ ក្រោយពីដុះ
ឫសព្រយោងត្រូវបានលូតលាស់ចាក់ទៅក្រោមដីប្រមាណ ១៨ ទៅ ២០ សម
និងចាក់ទៅសងខាងប្រវែងពី ៣០ ទៅ ៣៥ សម ។
ការលូតលាស់របស់ឫសព្រយោង និងស្លឹកមានទំនាក់ទំនងជាមួយគ្នា
គឺមានន័យថា
ប្រសិនបើប្រវែងនៃស្លឹកស្រូវលូតចាក់ចេញទៅផ្នែកខាងឆ្ងាយនៃដើម
បានប្រវែងត្រឹមណានោះ
ឫសព្រយោងក៏លូតលាស់ចាក់ចេញបានដល់ត្រឹមនោះដែរ ។
ឫសនេះមានមុខងារសម្រាប់ទ្រទ្រង់ជំហរដើមស្រូវមិនឱ្យដួល
ស្រូបយកទឹក និងសារធាតុចិញ្ចឹម ជាពិសេសសារធាតុអាសូត ផូស្វ័រ
ប៉ូតាស្យូមពីក្នុងដី
ដើម្បីផ្ដល់ទៅឱ្យសរីរាង្គដើមស្រូវនិងមានតួនាទីសម្រាប់ផ្ទុក
ជាតិទឹក និងអាហារសម្រាប់ទ្រទ្រង់ជីវិតរបស់ដំណាំស្រូវ
(រូបភាព៦) ។ នៅខាងក្បាលឫស
មានស្រោមរឹងព័ទ្ធជុំវិញដើម្បីការពារឫស
និងជាជំនួយដល់ឫសក្នុងការទម្លុះចូលក្នុងដី
ដែលស្រោមនេះគេហៅថាលាលាដ៍ឫស (Root Cap) ។
១.២.៣- ឫសខ្យល់ (Adventitious roots)
ឫសនេះដុះចេញពីថ្នាំងនៃដើមស្រូវនៅផ្នែក
ក្រោម (ឫសដែលនៅលើផ្ទៃដី) ហើយការបែកខ្នែង គឺកើតឡើងដោយឯកឯង ។
ចំពោះពូជស្រូវឡើងទឹក
គេសង្កេតឃើញវាកើតចេញពីថ្នាំងខាងលើបំផុតនៃដើមវែង
តែនៅក្រោមស្រទាប់សើៗនៃផ្ទៃទឹក ។ ឫសខ្យល់មាន ២ ប្រភេទគឺ
ឫសខ្យល់ទី១ (Primary adventitious roots) និងឫសខ្យល់ទី២
(Secondary adventitious roots) ។ ចំពោះពពួកស្រូវឡើងទឹក
គឺមានឫសខ្យល់ទាំងពីរប្រភេទ
ហើយដែលឫសខ្យល់ទាំងពីរនឹងចាក់ចូលទៅក្នុងដីពេលទឹកស្រក ។
ចំពោះពពួកស្រូវដទៃទៀត គឺភាគច្រើនមានតែឫសខ្យល់ទី១ប៉ុណ្ណោះ ។
១.៣- ដើមស្រូវ (Culm)
ដើមស្រូវមានតួនាទីសម្រាប់ទ្រទ្រង់ស្លឹក
និងកួរស្រូវ បង្កើតដើមបែកថ្មី និងឫស
ភ្ជាប់សកម្មភាពនៃការធ្វើរស្មីសំយោគ ផ្ទុក
និងដឹកជញ្ជូនជាតិទឹក សារធាតុចិញ្ចឹមផ្សេងៗ
និងសម្រាប់ធ្វើការផ្គត់ផ្គង់ខ្យល់ទៅកាន់ឫស ។
ដើមស្រូវត្រូវបានចែកចេញជា ២ផ្នែកគឺ ថាំ្នង (Nodes)
និងចន្លោះថ្នាំង (Internodes) (រូបភាព៧) ។
រូប៧
លក្ខណៈរូបសាស្ត្រនៃដើមស្រូវ
១.៣.១- ថ្នាំង (Nodes)
ថ្នាំង
គឺជាផ្នែករឹងនៃដើមស្រូវដែលមានភាពតាន់ និងគ្មានប្រហោង
ហើយជាកន្លែងសម្រាប់បង្កើតស្លឹក និងពន្លកខ្នែងនៃដើមស្រូវ ។
ពន្លកខ្នែងមានទីតាំងនៅចន្លោះរបស់ថ្នាំង និងគល់ស្រទបស្លឹក ។
ចំណែកថ្នាំងដែលនៅខាងចុងនៃដើម ជាថ្នាំងដែលបង្កើតកួរស្រូវ ។
១.៣.២- ចន្លោះថ្នាំង (Internodes)
ចន្លោះថ្នាំង ជាផ្នែករលោងហើយមានលក្ខណៈរឹង
និងតាន់នៅពេលដែលវានៅខ្ចី
ប៉ុន្ដែប្រែក្លាយទៅជាមានប្រហោងនៅពេលវាកាន់តែចាស់ ។
ផ្នែកនេះមានស្នាមចង្អូរតូចៗ ហើយជាផ្នែកមូលរលោងនៃដើម ។
ចន្លោះថ្នាំងខាងក្រោមជាទូទៅខ្លីៗ
ខុសពីចន្លោះថ្នាំងខាងលើដែលវែងៗ ។ ចន្លោះថ្នាំងនេះ
តភ្ជាប់គ្នាបានពីមួយទៅមួយដោយសារថ្នាំង (Nodes) ។
ចំពោះចន្លោះថ្នាំងរបស់ដំណាំស្រូវមានច្រើន ឬតិច
គឺអាស្រ័យទៅតាមប្រភេទពូជផ្សេងៗគ្នា
ដោយសារពូជខ្លះមានចន្លោះថ្នាំងច្រើនដែលធ្វើឱ្យដើមមានកំពស់
ខ្ពស់
និងពូជខ្លះទៀតមានចន្លោះថ្នាំងតិចដែលធ្វើឱ្យដើមមានកំពស់ទាប។
ជាទូទៅ ចន្លោះថ្នាំងចាប់ផ្ដើមលូតបណ្ដោយ ឬលូតប្រវែង
ចាប់ពីផ្នែកខាងក្រោមទៅផ្នែកខាងលើនៃដើមស្រូវ ។ យ៉ាងណាមិញ
ចន្លោះថ្នាំងដែលមានទីតាំងនៅផ្នែកខាងលើបំផុតនៃដើមស្រូវតែងតែមាន
ទំហំតូច ជាពិសេសចន្លោះថ្នាំងដែលផ្ទុកផ្កា និងគ្រាប់ ។
១.៣.៣- ការបែកគុម្ព (Tillering)
រូប៨
ប្រព័ន្ធបែបគុម្ពនៃដំណាំស្រូវ
ស្រូវ
គឺជាដំណាំដែលមានលទ្ធភាពក្នុងការបែកគុម្ពខ្លាំង ។ បែកគុម្ព
គឺជាដំណើរការមួយដែលក្នុងនោះដើមបែកថ្មីៗ
បានដុះលូតលាស់ចេញពីដើមមេ ឬដើមបែកចាស់ៗ ។ លោក Katayama
(1951) បានធ្វើការសិក្សាយ៉ាងលម្អិតអំពីដំណើរការបែកគុម្ពនេះ
ហើយបានបង្កើតជាប្រព័ន្ធមួយ
ដែលគេបានបន្ដប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ។ រូបភាព៨
គឺជាគំនូសបំព្រួញអំពីការបែកគុម្ព ដែលមានលក្ខណៈសម្រាយជាងលោក
Katayama (1951) បន្ដិច
ដោយសារគំនូសបំព្រួញនេះមិនបានបញ្ជាក់អំពីលេខរៀងរបស់ថ្នាំង
ដែលដើមបែកបានដុះចេញមក ។ ដើមបែករបស់ដំណាំស្រូវ
ត្រូវបានចែកជាដើមមេ ដើមបែកទីមួយ (Primary tiller)
ដើមបែកទីពីរ (Secondary tiller) និងដើមបែកទីបី (Tertiary
tiller) ។ ដើមមេ គឺជាដើមដែលដុះចេញពីគ្រាប់ ហើយចេញពីដើមមេនេះ
មានដើមបែកទីមួយ (Ti, i=1,…,n)
ជាច្រើនដុះចេញមកតាមលំដាប់លំដោយនៃថ្នាំង ។ ដើមបែកទីពីរ
គឺជាដើមបែកដែលដុះចេញពីដើមបែកទីមួយ ហើយដើមបែកទីបី
គឺជាដើមបែកដែលដុះចេញពីដើម បែកទីពីរ ។ នៅក្នុងរូបភាព៨
ដើមមេ គឺតាងដោយ T0 ដើមបែកទីមួយ គឺតាងដោយអក្សរ T
និងលេខមួយខ្ទង់ (ឧទាហរណ៍ៈ T1, T2, …)
ដើមបែកទីពីរគឺតាងដោយអក្សរ T និងលេខពីរខ្ទង់ (ឧទាហរណ៍ៈ
T11, T21, …) និងដើមបែកទីបី គឺតាងដោយអក្សរ T
និងលេខបីខ្ទង់ (ឧទាហរណ៍ៈ T111, T211, …) លំដាប់លេខ១-n
បញ្ជាក់ពីដើមបែកដែលដុះលំដាប់បន្ដគ្នា ដូចជា T1
គឺដើមបែកទីមួយដែលដុះមុនគេពីដើមមេ ហើយ T5
គឺជាដើមបែកទីមួយដែលដុះចេញពីដើមមេ បន្ទាប់ពីដើមបែកទីមួយ
បួនទៀតបានដុះចេញពីដើមមេរួចហើយ ។ ចំនួនដើមបែក
គឺអាស្រ័យទៅលើពូជរយៈពេលលូតលាស់ លក្ខខណ្ឌដាំដុះ (ពន្លឺ
និងសារធាតុចិញ្ចឹម) និងវិធីសាស្ដ្រដាំដុះ ។
១.៤- ស្លឹកស្រូវ (Leaf)
ស្លឹកស្រូវទាំងអស់ត្រូវបានទ្រដោយដើម
ហើយតំរៀបជាពីរជួរ ។ គេសង្កេតឃើញថា នៅផ្នែកខាងលើនៃថ្នាំងមួយ
គឺមានដុះស្លឹកមួយ ដែលមានពីរផ្នែកគឺស្រទបស្លឹក (Leaf
sheath) និងបន្ទះស្លឹក (Leaf blade) (រូបភាព៩) ។
ក្នុងមួយវដ្ដជីវិតរបស់ដើមស្រូវមានស្លឹកពី ១០ ទៅ ២០
ប៉ុន្ដែមានតែស្លឹកពី ៥ ទៅ ១០ ប៉ុណ្ណោះ
ដែលនៅរស់រហូតដល់ពេលប្រមូលផលគ្រាប់
ចំណែកស្លឹកដទៃទៀតចាប់ផ្ដើមស្វិត
និងងាប់បន្ដបន្ទាប់ទៅតាមការអភិវឌ្ឍនៅក្នុងវគ្គនីមួយៗនៃដំណាំ
ស្រូវ ។ ស្លឹកខាងលើបំផុតដែលស្ថិតនៅខាងក្រោមកួរ
គឺជាស្លឹកទង់ជ័យ ឬស្លឹកអមកួរ (Flag leaf) ។
ស្លឹកស្រូវមានមុខងារសម្រាប់ទទួលពន្លឺ
និងដឹកនាំការធ្វើរស្មីសំយោគ សកម្មភាពដំណកដង្ហើម
បំភាយចំហាយទឹក សម្រាប់ផ្ទុកអាហារចិញ្ចឹមផ្សេងៗ
សម្រាប់នាំខ្យល់ទៅឱ្យឫស ដើម
និងស្រទបស្លឹកដែលស្ថិតនៅក្នុងទឹក ។
នៅផ្នែកតភ្ជាប់រវាងស្រទបស្លឹក (Leaf sheath) និងបន្ទះស្លឹក
(Leaf blade) មានសរីរាង្គបីទៀតគឺ ចង្កំស្លឹក (Collar)
អណ្ដាតស្លឹក (Ligule) និងត្រចៀកស្លឹក (Auricle) ។
រូប៩
ស្លឹកស្រូវ
១.៤.១- ស្រទបស្លឹក (Leaf sheath) និងបន្ទះស្លឹក (Leaf blade)
ស្រទបស្លឹក ស្ថិតនៅផ្នែកខាងក្រោមនៃស្លឹក
ដែលស្រោបរុំព័ទ្ធជុំវិញដើម ។ ជួនកាលស្រទបស្លឹក
និងបន្ទះស្លឹកតភ្ជាប់គ្នានៅចន្លោះថ្នាំង ។
ស្រទបស្លឹកដែលស្ថិតនៅត្រង់គល់ថ្នាំង មានរាងប៉ោងចេញ
ដែលគេឱ្យឈ្មោះថា ផ្នែកប៉ោងនៃស្រទបស្លឹក ។ បន្ទះស្លឹក
គឺជាផ្នែកខាងលើនៃស្លឹកមានរាងជាបន្ទះស្រួចហើយរាបស្មើ ។
នៅផ្នែកខាងក្រោមនៃផ្ទៃស្លឹកចំកណ្ដាល
មានទ្រនុងធំមួយលយចេញជាងគេ គឺជាទ្រនុងកណ្ដាលនៃស្លឹក (Midrib) ។
ផ្ទៃខាងលើនៃបន្ទះស្លឹកមានជួរឆ្នូតៗជាច្រើន
ដែលស្របគ្នាជាមួយទ្រនុងស្លឹក ។
ស្លឹកដុះចេញមកឆ្លាស់គ្នានៅលើដើម ។
១.៤.២- ចង្កំស្លឹក (Collar) អណ្ដាតស្លឹក (Ligule) និងត្រចៀកស្លឹក (Auricle)
ចង្កំស្លឹក
គឺជាផ្នែកមួយសម្រាប់តភ្ជាប់រវាងស្រទបស្លឹក និងបន្ទះស្លឹក
ឬជាផ្នែកដែលខណ្ឌស្រទបស្លឹក និងបន្ទះស្លឹក ។ អណ្ដាតស្លឹក
គឺជាភ្នាសស្ដើងឈរត្រង់ទៅលើ ហើយស្ថិតនៅខាងក្នុងបន្ទះស្លឹក
ពោលគឺនៅកន្លែងណាដែលបន្ទះស្លឹកតភ្ជាប់នឹងស្រទបស្លឹក ។
ទម្រង់របស់វាមានសភាពស្ដើងស្រួចចុង ដែលចុងនោះអាចបែកជាពីរ
ឬមិនបែកអាស្រ័យដោយពូជ ។ ត្រចៀកស្លឹក
គឺជាព្រុយមួយគូដែលស្ថិតនៅគែមសងខាង
ផ្នែកគល់ខាងក្រោយនៃបន្ទះស្លឹកស្រូវ ។ ជាធម្មតាត្រចៀកស្លឹក
លូតឡើងនៅផ្នែកចំហៀង ពោលគឺកន្លែងដែលអណ្ដាត
និងគល់នៃចង្កំស្លឹកតភ្ជាប់គ្នា ។ អណ្ដាតស្លឹក និងត្រចៀកស្លឹក
ជាសរីរាង្គដែលសំខាន់បំផុត
ក្នុងការកំណត់ពីភាពខុសគ្នារវាងដំណាំស្រូវ និងស្មៅ
ក្នុងដំណាក់កាលលូតលាស់ ។ ជាទូទៅស្លឹករបស់ពូជស្រូវទាំងអស់
គឺមានសរីរាង្គទាំងពីរនេះ ផ្ទុយទៅវិញស្លឹកស្មៅ
គឺអាចគ្មានមានសរីរាង្គទាំងពីរនេះ ឬក៏មានតែមួយប៉ុណ្ណោះ ។
២- លក្ខណៈរូបសាស្ដ្រនៃសរីរាង្គបន្ដពូជ
២.១- កួរស្រូវ (Panicle or Inflorescence)
កួរស្រូវរួមមានកកួរ (Panicel base)
អ័ក្សនៃកួរ (Panicle axis) ស្មែងទីមួយ (Primary branch)
ស្មែងទីពីរ (Secondary branch) ទងគ្រាប់ (Pedicel)
និងកន្សោមផ្កា (Spikelet) (រូបភាព១០) ។ កកួរ
គឺជាផ្នែកដែលភ្ជាប់តួកួរជាមួយចន្លោះថ្នាំងលើបំផុតនៃដើម
(Uppermost internodes) ។ ស្មែងទីមួយ
គឺជាស្មែងដែលដុះចេញពីអ័ក្សនៃកួរ ដែលនៅលើស្មែងទីមួយនេះ
មានស្មែងទីពីរដុះចេញ ។ ជាទូទៅកន្សោមផ្កា
គឺដុះចេញពីស្មែងទីពីរដែលមានទងគ្រាប់ជាសរីរាង្គភ្ជាប់ ។
រូប១០
កួរស្រូវ
កួរស្រូវបានចាប់ផ្ដើមអភិវឌ្ឍនាចុងដំណាក់កាល
ពន្លូតដើម ។ កំពកកួរ (Panicle primordial) បានលេចចេញមុនគេ
រួចបន្ទាប់មកកំណរកួរ (Panicle initiation) បានចាប់ដំណើរការ
រហូតបានជារូបរាងកួរទាំងមូលហើយដែលដំណើរការនេះ
គឺប្រព្រឹត្ដទៅនៅក្នុងស្រទបស្លឹកទង់ជ័យ ។
នៅក្នុងដំណាក់កាលអភិវឌ្ឍន៍កួរនេះ ផ្នែកខាងចុងនៃដើមស្រូវ
ដែលរុំព័ទ្ធដោយស្រទបស្លឹកទង់ជ័យរីកប៉ោង និងលូតវែង
ដូចនេះបានជាគេហៅថា ដំណាក់កាលផើម (Booting stage) ។ ជាទូទៅ
ដំណាក់កាលផើមនេះ មានរយៈពេល ៣៥ ថ្ងៃ
ទើបកួរស្រូវចេញផុតពីស្រទបស្លឹកទង់ជ័យ ។ លទ្ធភាពរបស់កួរស្រូវ
ដែលអាចលូតផុតពីស្រទបស្លឹកទង់ជ័យគឺជាដំណកកួរ (Panicle
exertion) ហើយដំណកកួរនេះ គឺអាស្រ័យទៅតាមពូជស្រូវ ។
២.២- កន្សោមផ្កា (Spikelet)
ស្រូវគឺជារុក្ខជាតិស្វ័យចរលំអង (Autogram/
Self-pollinated) ដោយមានកេសរឈ្មោល (Stamen) និងកេសរញី (Pistil)
ស្ថិតនៅក្នុងកន្សោមផ្កាតែមួយ ។
ផ្នែកបន្សំនៃកន្សោមផ្កាមានបង្ហាញនៅក្នុងរូបភាព១១
ឯផ្នែកខាងក្រៅ ក៏បានរៀបរាប់ក្នុងចំណុច១.១ រួចហើយដែរ ។
ផ្នែកខាងក្នុងនៃកន្សោមផ្កាមាន កេសរឈ្មោល (Stamen) និងកេសរញី
(Pistil) ។ កេសរឈ្មោល ផ្សំឡើងដោយទងនៃថង់លំអង (Filament)
និងថង់លំអង (Anther) ដែលផ្ទុកទៅដោយលំអងឈ្មោល (Pollens) ។
កេសរឈ្មោលមានចំនួនប្រាំមួយក្នុងកន្សោមផ្កាមួយ ។
រូប១១
ផ្នែកនីមួយៗនៃកន្សោមផ្កា
កេសរញីផ្សំឡើងដោយ អូវែ (Ovary) មួយ
កកេសរញី (Style) ពីរ និងមាត់កេសរញី (Stigma) ពីរ ។
បន្ទាប់ពីកួរស្រូវ (ទាំងមូល ឬផ្នែកខ្លះ)
ចេញផុតពីស្រទបស្លឹកទង់ជ័យហើយ កន្សោមផ្កានឹងបើក
ហើយបន្ទាប់មកថង់លំអងក៏បែក
រួចលំអងឈ្មោលដែលទុំនឹងជ្រុះធ្លាក់ទៅលើមាត់កេសរញី ។
លំអងឈ្មោលនឹងត្រូវចូលទៅអូវែតាមរយៈកកេសរញី ហើយដែលនៅទីនោះ
លំអងឈ្មោលប្រសព្វជាមួយបុប្ផាណករ (Ovule) ។
ដំណើរការរោយលំអងប្រព្រឹត្ដទៅក្នុងចន្លោះពេលពីម៉ោង ៩:០០-១២:០០
ព្រឹក ។ បន្ទាប់ពីភពប្រសព្វហើយ
អូវែនឹងអភិវឌ្ឍទៅជាគ្រាប់ស្រូវ ៕
ដោយ លោក អ៊ុក ម៉ាការា, ពិន
តារា និង ឡោ ប៊ុណ្ណា
No comments:
Post a Comment